អន្តរជាតិ

សេដ្ឋកិច្ច

វប្បធម៌

ផ្ទាងផ្សាយពាណិជ្ជកម្ម

ផ្ទាងផ្សាយពាណិជ្ជកម្ម

ព័ត៌មានថ្មីបំផុត

ភាគ១. ប្រវត្តិសាស្ត្រដែនដីកម្ពុជាក្រោម អំពីដែនដី និងប្រជាជន

11:39:00
កម្ពុជាក្រោម​ជា​អតីត​ទឹក​ដី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ ស្ថិត​នៅ​ខាង​កើត​ឆៀង​ខាង​ត្បូង​នៃ​ព្រះរាជាណាចក្រ​ កម្ពុជា ។ បច្ចុប្បន្ន​ ជា​ចំណែក​មួយ​នៃ​ទឹកដី​សាធារណរដ្ឋ​សង្គម​និយម​វៀតណាម​ប៉ែក​ខាង​ត្បូង (South Vietnam) ។ កម្ពុជាក្រោម​ត្រូវ​អាណានិគម​បារាំង​កាត់​ផ្តាច់​ពី​កម្ពុជា​ ផ្តល់​ទៅ​ឲ្យ​អាជ្ញាធរ​វៀតណាម​ធ្វើ​អាណា​និគម​បន្ត​រហូត​ដល់​សព្វ​ថ្ងៃ ក្រោម​ច្បាប់​អាណា​និគម​បារាំង​លេខ​៤៩-៧៣៣ ចុះថ្ងៃទី០៤ ខែមិថុនា ឆ្នាំ១៩៤៩ នៅ​ទីក្រុង Toulon នៃ​ប្រទេស​បារាំង ។

កាល​ពី​សម័យ​ដើម ទឹកដី​កម្ពុជាក្រោម​គេ​ហៅ​ថា​កម្ពុជា​ទឹក​លិច​ ឬ​កម្ពុជា​ក្រោម (កម្ពុជា​ប៉ែក​ខាង​ក្រោម) ហើយ គេ​អាច​ហៅ​បាន​ម៉្យាង​ទៀត​ថា ដែន​ដីសណ្ដ​ទន្លេ​មេគង្គ (Mekong Delta) ។ នៅ​សម័យ​អាណា​និគម​បារាំង​ត្រួតត្រា ឥណ្ឌូចិន ទឹក​ដី​កម្ពុជា​ក្រោម​ត្រូវ​បាន​បារាំង​ហៅ​ថា Basse Cochinchine (កូសាំងស៊ីន​ក្រោម)
ចំពោះ​ផ្ទៃ​ដី និង​ចំនួន​ប្រជារាស្ត្រ​ខ្មែរ​ដែល​កំពុង​រស់​នៅ​លើ​ទឹកដី​កម្ពុជាក្រោម​សព្វ​ថ្ងៃ​ នៅ​មាន​បញ្ហា​ស្មុគស្មាញ​ ណាស់​ ពី​ព្រោះ​ពុំ​មាន​វិជ្ជាស្ថាន​ជាតិ​ណា​មួយ​បាន​ធ្វើ​ជំរឿន ឬ​កំណត់​ឲ្យ​បាន​ច្បាស់លាស់​ទេ ។ ទោះបី​ជា​យ៉ាង​នេះ​ក៏​ដោយ​ យើង​បាន​ធ្វើ​ការ​សិក្សា​ស្រាវ​ជ្រាវ​តាម​ឯក​សារ​ដើម​សម័យ​អាណានិគម​បារាំង​ត្រួតត្រា​ឥណ្ឌូចិន បាន​បង្ហាញ​ឲ្យ​ឃើញ​ថា​ទឹក​ដី​ កម្ពុជា​ក្រោម​មាន​ទំហំ​ផ្ទៃ​ដី ៦៨.៩៦៥ km2 ។ តួលេខ​នេះ គិត​តាម​ឯកសារ​បារាំង​ក្នុង​ឆ្នាំ១៩៤៥ ព្រោះ​នៅ​ពេល​នោះ អាណា​និគម​បារាំង​បាន​បែង​ចែក​ទឹកដី​នៅ​ឥណ្ឌូចិន​ចំនួន ៥​ប្រទេស​ដើម្បី​ងាយ​ស្រួល​ក្នុង​ការ​ត្រួតត្រា គឺ ៖
. ប្រទេស​យួន (តុងកឹង Tonking) មាន​ផ្ទៃ​ដី ១០៣.០០០ km2 
. ប្រទេស​យួន​ហ្វេ (អណ្ណាម Annam) មាន​ផ្ទៃ​ដី ១៤៨.០០០ km2
. ប្រទេស​លាវ មាន​ផ្ទៃ​ដី ២៣៦.០០០ km2
. ប្រទេស​កម្ពុជា មាន​ផ្ទៃ​ដី ១៨៥.០០០ km2
. កម្ពុជា​ក្រោម មាន​ផ្ទៃ​ដី​ ៦៥.០០០ km2
បច្ចុប្បន្ន​នេះ ប្រទេស​កម្ពុជា​ប្រកាស​ជា​ផ្លូវការ​ថា​មាន​ផ្ទៃ​ដី ១៨១.០៣៥ km2 ។ ដូច្នេះ​ ទឹក​ដី​កម្ពុជាក្រោម​ត្រូវ កើន​បន្ថែម​ចំនួន ៣.៩៦៥ Km2 បូក​នឹង ៦៥.០០០ km2 ត្រូវ​ជា ៦៨.៩៦៥ km2 (185.000 Km2 – 181.035 km2 + 65.000 km2 =68.965 km2)
 រីឯ​ចំនួន​ប្រជារាស្ត្រ​ខ្មែរ​នៅ​កម្ពុជាក្រោម​វិញ យើង​បាន​ធ្វើ​ជំរឿន​ដោយ​ផ្អែក​ទៅ​លើ​ ឯក​សារ​ចំនួន ៥ ដូច​ខាង​ក្រោម ៖
ទី១ តួលេខ​សម្រង់​ស្ថិតិ​ខ្មែរ​កម្ពុជា​ក្រោម​របស់​រដ្ឋាភិបាល​អាណា​និគម​បារាំង​នៅ​ក្នុង​ឆ្នាំ​១៩២៤ មាន ៨០.០០០ (ប្រាំបី​ម៉ឺន) នាក់ ។
ទី២ តួលេខ​ស្រង់​ស្ថិតិ​របស់​រណសិរ្ស​រំដោះ​កម្ពុជា​ក្រោម​នៅ​ឆ្នាំ ១៩៦៨ មាន ៤.០៤៧.៥០០ (បួន​លាន​បួន​ម៉ឺន​ប្រាំ ពីរ​ពាន់​ប្រាំ​រយ) នាក់ ។
ទី៣ សេចក្តី​ថ្លែងការណ៍​ផ្ទាល់​មាត់​របស់​លោក​ប្រធានាធិបតី​វៀតណាម ង្វៀន វ៉ាន​ធីវ នៅ​ទីក្រុង​ព្រែក​ឫស្សី​ក្នុង​ឆ្នាំ ១៩៦៩ ថា​ប្រជារាស្ត្រ​ខ្មែរ​កម្ពុជាក្រោម​មាន​ប្រមាណ​ជាង ៤.០០០.០០០ (បួន​លាន) នាក់ ។
ទី៤ ឯកសារ​សមាគម​ខ្មែរ​កម្ពុជាក្រោម​នៅ​ប្រទេស​បារាំង​ឆ្នាំ ១៩៦៩ បាន​សរសេរ​ថា​ខ្មែរ​នៅ​កម្ពុជា​ក្រោម​មាន​ចំនួន ៤.៥០០.០០០ (បួន​លាន​ប្រាំ​សែន) នាក់ ។
ទី៥ តួលេខ​បូក​សរុប​ប្រជារាស្ត្រ​ខ្មែរ​របស់​រដ្ឋាភិបាល​ខ្មែរ​នៅ​សាល​សន្និសីទ​ចតុម្មុខ​ក្នុង​ឆ្នាំ ១៩៧០ ឃើញ​ប្រជារាស្ត្រ​ខ្មែរ​នៅ​កម្ពុជា​ក្រោម​មាន​ចំនួន ៤.៥០០.០០០ នាក់។​ រីឯ​នៅ​កម្ពុជា​នា​ពេល​នោះ​ពលរដ្ឋ​ខ្មែរ​មាន​ចំនួន​ជិត ៧.០០០.០០០ (ប្រាំពីរ​លាន) នាក់ ។
ដូច្នេះ បាន​សេចក្តី​ថា សព្វថ្ងៃ​នេះ ពុំ​មាន​ឯកសារ​ណា​មួយ​ ឬ ប្រភព​ណា​មួយ​បាន​ធ្វើ​ជំរឿន​ស្ថិតិ​ប្រជារាស្ត្រ​ខ្មែរ​កម្ពុជា​ក្រោម​ឲ្យ​បាន​ច្បាស់​លាស់​ពិត​ប្រាកដ​ទេ ។


ប្រភព៖ សហគមន៍ខ្មែរកម្ពុជាក្រោម

ភាព​ខុស​គ្នា​រវាង​ខ្មែរ​នៅ​កម្ពុជាក្រោម និង ខ្មែរ​នៅ​កម្ពុជា​ពេល​បុណ្យ​ចូលឆ្នាំ​ចិន យួន

11:36:00
តើ​ខ្មែរ​នៅ​កម្ពុជាក្រោម​មាន​រីករាយ​អបអរ​សាទរ​បុណ្យ​ចូលឆ្នាំ​ចិន យួន​​ដូច​ខ្មែរ​នៅ​កម្ពុជា​ដែរ​ឬ​ទេ? តើ​ខ្មែរ​ក្រោម​មាន​ប្រកាស​ខ្លួន​ឯង​ថា​ជា​ខ្សែ​កាត់​ចិន ឬ កាត់​យួន ដើម្បី​ចូល​រួម​ក្នុង​ពិធី​បុណ្យ​នេះ​ដែរ​ឬ​ទេ

សូម​លោកអ្នក​អាន​នូវ​បទ​វិភាគ​មួយ​របស់​ អនុបណ្ឌិត​ផ្នែក​វិទ្យាសាស្ត្រ​នយោបាយ លោក នី វិបុល ដែល​ជា​សហការី​នៃ​វិទ្យុ​សេរី​កម្ពុជាក្រោម ដូច​តទៅ​នេះ៖


ចូលឆ្នាំ​ចិន ឬ យួន គេ​តែងតែ​ឃើញ​ថា ប្រជាពលរដ្ឋ​កម្ពុជា​មួយ​ចំនួន​ដែល​តាំង​ខ្លួន​ឯង​ថា ជា​ខ្សែ​កាត់​ចិន ហើយ​បាន​ប្រារព្ធ​ឡើង​នូវ​ពិធី​នេះ ដោយ​មាន​ការ​សែន​ថ្វាយ​នូវ​គ្រឿង​បូជា​ផ្សេង​ៗ​តាម​របៀប​ប្រពៃណី​ចិន និង យួន ព្រម​ទាំង​មាន​ការ​រាំច្រៀង ស៊ីផឹក លេងល្បែង ។ល។ សប្បាយ​អ៊ូអរ​ ។

នៅ​តាម​ដង​ផ្លូវ​គេ​ឃើញ​ថា ស្ទើរ​តែ​គ្រប់​ហាង​បាន​តុបតែង ចង្កៀង​គោម​ពណ៌​ក្រហម បិទ​ស្លាក​អក្សរ​ចិន​ដែល​មិន​ដឹង​ថា​មាន​ន័យ​យ៉ាងម៉េច ។ ហាង​មួយ​ចំនួន​ទៀត គេ​ថែម​ទាំង​ចាក់​ធុងបាស បទ​ចម្រៀង​ចិន «កុង ស៊ី ផា ឆាយ» យ៉ង​អធិកអធម បើ​ប្រៀបធៀប​ភាព​សប្បាយ​អ៊ូអរ​នេះ ភ្នំពេញ​មិន​ចាញ់​ក្រុង​ហាណូយ ឬ ក្រុង​ប៉េកាំង​ឡើយ ។

ឯ​ទូរទស្សន៍ និង ប្រព័ន្ធ​ផ្សព្វផ្សាយ​នានា ក្នុង​អំឡុង​ប៉ុន្មាន​ថ្ងៃ​ចូលឆ្នាំ​ចិន យួន ស្ទើរ​តែ​មិន​ដឹង​ថា​ប៉ុស្តិ៍​ទូរទស្សន៍​នោះ​ជា​របស់​ខ្មែរ ឬ ចិន ទៅ​ហើយ ។ គ្រប់​ប៉ុស្តិ៍​គេ​ជួន​ពរ​គ្នា​ «ហេង​ហេង» មាន​រូបភាព​ផាវ​ផ្ទុះ​ក្ឌុង​ក្ឌាំង មិន​ត្រឹម​តែ​ប៉ុណ្ណោះ​ទេ គេ​នៅ​បើក​កម្មវិធី​ប្រគំ​តន្ត្រី ហើយ​គេ​ឲ្យ​តារា​ចម្រៀង និង ពិធី​ករ ពិធី​ករណី ច្រៀង​រាំ​ជា​ភាសា​ចិន សប្បាយ​ពេកក្រៃ ។

រីឯ​កម្មករ​បុគ្គលិក​ រោងចក្រ ក្រុមហ៊ុន នានា​វិញ ត្រូវ​បាន​អនុញ្ញាត​ឲ្យ​ឈប់​សម្រាក​ដើម្បី​ត្រឡប់​ទៅ​ស្រុក​ជួប​ជុំ​ញត្តិ​សន្តាន​ក្នុង​ឱកាស​ចូលឆ្នាំ​ចិន​នេះ ពួក​គេ​ហាក់​បី​ដូច​ជា​មាន​ភាព​ត្រេកអរ​ខ្លាំង​ណាស់​ពេល​ដល់​ចូល​ឆ្នាំ​ចិន​ម្ដង​ៗ ។ ចំណែក​មន្ត្រី​រាជការ​ គ្រូ​បង្រៀន​ សិស្ស និស្សិត មួយ​ចំនួន​ឲ្យ​តែ​ដល់​ថ្ងៃ​ចូល​ឆ្នាំ​ចិន​នេះ ពួក​គេ​តែងតែ​ឈប់​សម្រាក​ដោយ​ខ្លួន​ឯង ទោះបី​ជា​ស្ថាប័ន​ដែល​ពាក់ព័ន្ធ​មិន​អនុញ្ញាត​ ឬ មាន​ច្បាប់​ណា​មួយ​ដែល​អនុញ្ញាត​ថា ត្រូវ​ឈប់​សម្រាក​ការងារ​នៅ​ក្នុង​ថ្ងៃ​ចូល​ឆ្នាំ​ចិន យួន ​នេះ​ក៏ដោយ នេះ​ជា​ទម្លាប់​ ប្រពៃណី​របស់​ខ្មែរ​យើង​ឬ​? ។ 



ឥទ្ធិពល​មួយ​នេះ​កំពុង​តែ​គ្របដណ្ដប់​មក​លើ​សង្គម​កម្ពុជា​បច្ចុប្បន្ន​យ៉ាង​ខ្លាំង​បំផុត​ ដែល​កូន​ខ្មែរ​គ្រប់​រូប​តែងតែ​តាំង​ខ្លួន​ឯង​ថា​ជា​ខ្សែ​កាត់​ចិន​នោះ ត្រេកអរ​នឹង​ទទួល​យក​ដោយ​មិន​គិត​ថា​វា​អាច​ប៉ះពាល់​ដល់​វប្បធម៌​ខ្លួន​យ៉ាង​ណា​នោះ​ទេ ។ បាន​លើកឡើង​ដូចនេះ​មិនមែន​​ចង់​ឲ្យ​អភិរក្ស​វប្បធម៌​ខ្មែរ ហើយ​បដិសេធន៍​មិន​ទទួល​យក​វប្បធម៌​បរទេស​នោះ​ទេ ប៉ុន្តែ​យើង​មិនមែន​ចេះ​តែ​ទទួល​យក​នូវ​វប្បធម៌​បរទេស​ដោយ​គ្មាន​ការ​ពិចារណា​ច្បាស់លាស់​ដូច្នេះ​ឡើយ ដោយ​យើង​ត្រូវ​ចេះ​បែងចែក​អ្វី​ជា​វប្បធម៌​ខ្មែរ ហើយ​អ្វី​ជា​វប្បធម៌​បរទេស ។

យើង​ត្រឡប់​ទៅ​ស្វែងយល់​នៅ​សង្គម​កម្ពុជា​ក្រោម​​ម្ដង​វិញ ថា​តើ​ប្រជាពលរដ្ឋ​ខ្មែរ​នៅ​កម្ពុជាក្រោម​
មាន​ប្រារព្ធ​ពិធី​បុណ្យ​ចូល​ឆ្នាំ​ចិន យួន ដូច​នៅ​កម្ពុជា​ដែរ​ឬ​ទេ​?

កម្ពុជាក្រោម​អតីត​ជា​ដែនដី​មួយ​ចំណែក​នៃ​ព្រះរាជា​ណា​ចក្រ​កម្ពុជា ដែល​ត្រូវ​បាន​ជនជាតិ​យួន​ដាក់​អាណានិគម​ចាប់តាំង​ពី​ដើម​សតវត្ស​ទី​១៩ រហូត​មកទល់​បច្ចុប្បន្ន​នេះ ។ ក្រោយពី​ជាង​២០០ឆ្នាំ​នៅ​ក្រោម​ការ​គ្រប់គ្រង​របស់​ពួក​យួន ។ ខ្មែរ​នៅ​កម្ពុជាក្រោម​ត្រូវ​បាន​យួន​ចាប់​បង្ខំ​គោរព ប្រតិបត្តិ និង ទទួល​យក​នូវ​វប្បធម៌ ព្រម​ទាំង​រៀន​នូវ​អក្សរ ភាសា​យួន ។ ចាប់​ដាក់គុក សម្លាប់ រំលោភ​បំពាន​ទៅ​លើ​សិទ្ធិ​សេរីភាព ចាប់​បង្ខំ​ព្រះសង្ឃ​ឲ្យ​កោរសក់​ទុក​ចិញ្ចើម ស្លៀក​ខោ​ពាក់អាវ សូត្រ​ធម៌​គោះត្រឡោក​ ការ​ហាមឃាត់​មិន​ឲ្យ​មាន​ទំនាក់ទំនង​ជា​មួយ​ខ្មែរ​នៅ​ក្រៅ​ប្រទេស មិន​ឲ្យ​រៀន​អក្សរខ្មែរ​ គាបសង្កត់​សិទ្ធិ​ទទួល​បាន​ព័ត៌មាន ។ល។ ទោះបី​ជា​មាន​ការ​ធ្វើ​ទុក្ខបុកម្នេញ​សំណាក់​រដ្ឋាភិបាល​យួន​យ៉ាង​ណា​ក៏ដោយ ក៏​ខ្មែរ​នៅ​កម្ពុជា​ក្រោម​នៅ​តែ​តស៊ូ​ប្រឆាំង​គ្រប់​រូបភាព​ដែល​រដ្ឋាភិបាល​យួន បាន​រំលោភ​បំពាន​មក​លើ​ខ្លួន ។

កម្ពុជាក្រោម​មាន ២១ខេត្ត​ក្រុង មាន​វត្ត​អារាម ៥៦៧វត្ត មាន​ព្រះ​សង្ឃ​ចំនួន ២សែន​អង្គ​ ចំនួន​ប្រជាជន​ខ្មែរ​នៅ​កម្ពុជា​ក្រោម​សរុប ជាង​១៥លាន​នាក់ ។ ប្រជាពលរដ្ឋ​ខ្មែរ​នៅ​កម្ពុជាក្រោម​៩៩% ជា​អ្នក​គោរព​ប្រតិបត្តិ​ព្រះ​ពុទ្ធ​សាសនា ។

ថ្វីត្បិត​តែ​ប្រជាពលរដ្ឋ​ខ្មែរ​នៅ​កម្ពុជា​ក្រោម​សព្វ​ថ្ងៃនេះ ត្រូវ​រស់​ក្រោម​នឹម​អាណានិគម​នៃ​រដ្ឋាភិបាល​យួន​កុម្មុយនិស្ត​ក្ដី ក៏​ប៉ុន្តែ​អ្វី​ដែល​ធ្វើ​ឲ្យ​យើង​ចាប់​អារម្មណ៍​ និង មិន​គួរ​ឲ្យ​ជឿ​ ហើយ​ទ្រាំ​សរសើរ​មិន​បាន​នោះ​គឺ ការ​រក្សា​នូវ​ វប្បធម៌ ទំនៀមទម្លាប់ ប្រពៃណី អក្សរសាស្ត្រខ្មែរ នៅ​តែ​ល្អ​ខ្ជាប់ខ្ជួន​ដដែល មិន​ចាញ់​ខ្មែរ​យើង​នៅ​កម្ពុជា​ឡើយ ។

ចំណែក​ពិធី​បុណ្យ​ចូលឆ្នាំ​ចិន យួន​វិញ​នោះ ខ្មែរ​នៅ​កម្ពុជា​ក្រោម​មិន​ដែល​ប្រារព្ធ ឬ ខ្វល់ខ្វាយ​​ដូច​ខ្មែរ​នៅ​កម្ពុជា​ឡើយ ។ អ្នក​ដែល​បាន​អាន​នូវ​បទ​វិភាគ​នេះ​ហើយ ច្បាស់​ជា​មានការ​ងើយ​ឆ្ងល់​ចំពោះ​បញ្ហា​នេះ​ជា​មិនខាន​ឡើយ ថា​តើ​ហេតុ​អ្វី​ខ្មែរ​នៅ​កម្ពុជា​ក្រោម​ដែល​រស់​នៅ​ក្រោម​ការ​គ្រប់គ្រង​របស់​យួន មិន​ខ្វល់ខ្វាយ ឬ ប្រារព្ធ​សែន​ថ្វាយ​ក្នុង​បុណ្យ​ចូលឆ្នាំ​ចិន យួន​នេះ ប៉ុន្តែ​ខ្មែរ​នៅ​កម្ពុជា​ដែល​រស់​ក្រោម​រដ្ឋាភិបាល​ខ្មែរ ដោយ​គ្មាន​ការ​គាបសង្កត់​ផ្នែក​វប្បធម៌​បែរជា​ទៅ​ខ្វល់ខ្វាយ ឬ សែន​ថ្វាយ​ក្នុង​បុណ្យ​ចូលឆ្នាំ​ប្រពៃណី​ចិន យួន​នេះ​ទៅ​វិញ ។

បើ​តាម​ការ​គិត​របស់​អ្នក​ដែល​មិន​បាន​ទៅ​ដល់​ទឹកដី​កម្ពុជាក្រោម ច្បាស់​ណាស់​គេ​និង​គិត​ថា​ខ្មែរ​នៅ​កម្ពុជាក្រោម​នឹង​ប្រារព្ធ​ពិធី​ចូលឆ្នាំ​ចិន យួន​ជា​មិនខាន​ឡើយ ប៉ុន្តែ​ប្រសិនបើ​យើង​ទៅ​ស្វែង​យល់​អំពី​ស្ថានការណ៍​ជាក់ស្ដែង​ខ្មែរ​នៅ​ឯ​កម្ពុជាក្រោម​វិញ​នោះ គឺ​ខ្មែរ​នៅ​កម្ពុជាក្រោម​មិន​ដែល​ខ្វល់ខ្វាយ សែន​ថ្វាយ​នូវ​គ្រឿង​ផ្សេង​ៗ និង​ប្រារព្ធ​ពិធី​បុណ្យ​ចូល​ឆ្នាំ​ចិន យួន​នេះ ដូច​នៅ​កម្ពុជា​ឡើយ ។ ទោះបី​ខ្មែរ​នៅ​កម្ពុជាក្រោម មាន​ការ​រស់​នៅ​ជា​មួយ​ជន​ជាតិ​យួន​ក៏ដោយ ក៏​ប៉ុន្តែ​ចិត្ត​គំនិត បេះដូង ឈាមជ័រ នៅ​តែ​ជា​ខ្មែរ​ដដែល ។

ដោយ​ខ្មែរ​នៅ​កម្ពុជា​ក្រោម​ត្រូវ​បាន​រំលោភ​បំពាន​សិទ្ធិ​នានា​ពី​សំណាក់​រដ្ឋាភិបាល​យួន​កុម្មុយនិស្ត ដូច្នេះ​ហើយ​ទើប​ធ្វើ​ឲ្យ​ខ្មែរ​នៅ​កម្ពុជាក្រោម​ជាទូទៅ តែងតែ​ស្គាល់​នូវ​តម្លៃ​ចំពោះ​ពាក្យ​ថា «ខ្មែរ» និង​ផ្ដល់​តម្លៃ​ចំពោះ​កេរ្តិ៍​មរតក​ដូនតា​ខ្មែរ​បន្សល់​ទុក ដូច​ជា​វប្បធម៌ អក្សរសាស្ត្រ ។ល។ ដោយសារ​តែ​ខ្មែរ​នៅ​កម្ពុជាក្រោម​ខ្លាច​យួន​លុប​បំបាត់​នូវ​វប្បធម៌​ខ្លួន​ឲ្យ​សាបសូន្យ ហើយ​ខ្លាច​កូន​ចៅ​ខ្លួន​ជំនាន់​ក្រោយ​មិន​បាន​ដឹង​នូវ​អត្តសញ្ញាណ​ជាតិ​ខ្លួន ដូច្នេះ​ហើយ​ទើប​ពួក​គេ​ខំ​ប្រឹងប្រែង​ក្នុង​ការ​ថែ​រក្សា​នូវ​វប្បធម៌​នេះ ។ផ្ទុយ​ទៅ​វិញ​ខ្មែរ​នៅ​កម្ពុជា មិន​សូវ​ជា​យកចិត្ត​ទុកដាក់​ក្នុង​ការ​ថែរក្សា​នូវ​វប្បធម៌​ជាតិ​ខ្លួន​ឲ្យ​បាន​រីក​ចម្រើន​ឡើយ តែងតែ​ទទួល​យក​នូវ​វប្បធម៌​បរទេស​ដោយ​គ្មាន​ការ​ពិចារណា​ឲ្យ​បាន​ច្បាស់លាស់ ដោយសារ​តែ​ខ្មែរ​នៅ​កម្ពុជា​តែងតែ​មាន​គំនិត​មួយ​ថា​វប្បធម៌​យើង​មិន​មាន​ដៃ ឬ មាន​ជើង​រត់​ចោល​យើង​ឡើយ ហេតុ​ដូច្នេះ​ទើប​ធ្វើ​ឲ្យ​ពួក​គេ​មិន​ខ្វល់​អំពី​ឥទ្ធិពល​វប្បធម៌​បរទេស​ដែល​កំពុង​ហូរ​ចូល​មក ៕

ពាក្យ​សម្ដី​៣០ឃ្លា​សម្រាប់​អ្នក​ចូល​ចិត្ត​អាន​សៀវ

11:32:00
ខ្ញុំ​ចូល​ចិត្ត​អាន​សៀវភៅ​ណាស់ គឺ​អាន​ជា​រៀង​រាល់​ថ្ងៃ​តែ​ម្ដង ។ ក្នុង​មួយថ្ងៃ បើ​រវល់​ខ្លាំង​បំផុត​ក៏​ខ្ញុំ​អាច​អាន​បាន​ប្រហែល​ជា​១០សន្លឹក​ដែរ ។ ដូច្នេះ​នៅ​ពេល​ណា​ដែល​ខ្ញុំ​ប្រទះ​ភ្នែក នឹង​ពាក្យ​សម្ដី ឬ​ទស្សនៈ​ណា​ទាក់ទង​នឹង​ការ​អាន ឬ អ្នក​អាន ខ្ញុំ​ក៏​កត់​ទុក​ដើម្បី​រំលឹក​ខ្លួន​ឯង​ថា ត្រូវ​តែ​ធ្វើ​ជា​អ្នក​អាន​រហូត ថ្ងៃ​នេះ​ខ្ញុំ​លើក​យក​ពាក្យ​សម្ដី​មួយ​ចំនួន​ដែល​ខ្ញុំ​បាន​កត់ទុក​នោះ មក​ចែក​ដល់​អ្នក​ទាំងអស់ ។ សូម​កត់​ចំណាំ បើ​សិន​ជា​គិត​ថា​ឃ្លា​មួយ​ណា​ពេញ​ចិត្ត​របស់​យើង


. អ្នក​អាន​ម្នាក់ មាន​ជីវិត​រាប់​ពាន់​មុន​នឹង​ស្លាប់ អ្នក​ដែល​មិន​ធ្លាប់​អាន មាន​ជីវិត​តែ​មួយ​ប៉ុណ្ណោះGeorge R. R. Martin

. អ្នក​អាន​កាន់​តែ​ច្រើន អ្នក​ដឹង​រឿង​កាន់​តែ​ច្រើន អ្នក​រៀន​កាន់​តែ​ច្រើន អ្នក​ទៅ​បាន​កាន់​តែ​ច្រើន​កន្លែងDr. Seuss

. សៀវភៅ ជា​មិត្ត​ដ៏​ស្មោះត្រង់ បើ​អ្នក​ទុក​វា​ចោល វា​នឹង​រង់​ចាំ​អ្នក​រហូត តែ​បើ​អ្នក​ចាប់​កាន់​វា​វិញ វា​នៅ​តែ​ស្រលាញ់​អ្នក​ដដែលJohn Green

. គ្មាន​អ្វី​គួរ​ឱ្យ​រីករាយ​ដូច​ជា​ការ​អាន​សៀវភៅ​នោះ​ទេ បើ​ខ្ញុំ​មាន​ផ្ទះ​ខ្លួនឯង ខ្ញុំ​មុខ​ជា​វេទនា​មិនខាន បើ​គ្មាន​បណ្ណាល័យ​ល្អ​មួយ​ក្នុង​ផ្ទះ - Jane Austen

. អ្នក​មិន​មាន​ពេល​សម្រាប់​អាន អ្នក​ក៏​មិន​មាន​ពេល​សម្រាប់​សរសេរ​ដែរStephen King

. កុំ​អាន​ដូច​កូនក្មេង អាន​ដើម្បី​រស់​នៅ – Gustave Flaubert

. អ្នក​មិនចាំ​បាច់​ដុត​សៀវភៅ​ចោល​ទាំងអស់​ដើម្បី​បំផ្លាញ​វប្បធម៌​ទេ គ្រាន់តែ​ធ្វើ​ឱ្យ​មនុស្ស​លែង​អាន​សៀវភៅ​គ្រប់គ្រាន់​ហើយRay Bradbury

. មនុស្ស​ដែល​ស្រលាញ់​ការ​អាន តែងតែ​មិន​សូវ​មាន​អារម្មណ៍​ឆេវឆាវ​ទេPat Conroy

. នៅ​មាន​ទោស​ឧក្រិដ្ឋ​មួយ​ទៀត​ដែល​ធ្ងន់ជាង​ការ​ដុត​សៀវភៅ​ទៀត នោះ​គឺ​ការ​មិន​បាន​អាន​វាJoseph Broadsky

១០. គិត​មុន​ពេល​អ្នក​និយាយ អាន​មុន​ពេល​អ្នក​គិត – Fran Lebowitz



១១. ប្រសិន​បើ​អ្នក​ទៅ​ផ្ទះ​ជាមួយ​អ្នកណា​ម្នាក់ ហើយ​គេ​មិន​មាន​សៀវភៅ​ទេ​នោះ កុំ​ដេក​ជាមួយ​គេ​អី – John Waters

១២. ថ្ងៃនេះ​ជា​អ្នក​អាន ថ្ងៃ​ក្រោយ​ជា​អ្នក​ដឹកនាំMargaret Fuller

១៣. ដំណេក​ល្អ តែ​សៀវភៅ​ល្អ​ជាង - George R.R. Martin

១៤. ស្រលាញ់​សៀវភៅ​ជាង​ភាពយន្ត ភាពយន្ត​ប្រាប់​អ្នក​ពី​អ្វី​ដែល​ត្រូវ​គិត ប៉ុន្តែ​សៀវភៅ​ល្អ​អនុញ្ញាត​ឱ្យ​អ្នក​ជ្រើសរើស​អ្វី​ដែល​អ្នក​ត្រូវ​គិតKaren Marie Moning

១៥. ពិភពលោក​ជា​របស់​យើង​នៅ​ពេល​កំពុង​អានBetty Smith

១៦. អ្វី​គ្រប់យ៉ាង​ដែល​មាន​នៅ​ក្នុង​លោក នឹង​មាន​នៅ​ក្នុង​សៀវភៅ – Stephane Mallarme

១៧. ខ្ញុំ​ចូលចិត្ត​អាន​សៀវភៅ​ពេក រហូត​ដល់​ខ្ញុំ​ត្រូវ​តែ​សរសេរ​វាOscar Wilde

១៨. សៀវភៅ​ដែល​ល្អ​បំផុត គឺ​សៀវភៅ​ដែល​ប្រាប់​អ្នក​ពី​អ្វី​ដែល​អ្នក​បាន​ដឹង​រួច​ហើយGeorge Orwell

១៩. សៀវភៅ​ជួយ​ឱ្យ​ពួក​យើង​យល់​ថា​ខ្លួន​ឯង​ជា​អ្នក​ណា ត្រូវ​ធ្វើ​អ្វី​ ហើយ​ក៏​បាន​បង្ហាញ​យើង​ថា​តើ​សង្គម និង​មិត្តភាព​មាន​ន័យ​យ៉ាង​ម៉េច វា​ប្រាប់​យើង​ពី​របៀប​រស់​នៅ និង ស្លាប់ – Anne Lamott

២០. នៅ​ពេល​ដែល​យើង​អាន​រឿង​មួយ យើង​នឹង​រស់​នៅ​ក្នុង​នោះ ក្រប​សៀវភៅ​ប្រៀប​ដូច​ជា​ដំបូល និង ជញ្ជាំង អ្វី​ដែល​នឹង​កើត​ឡើង​បន្ទាប់​ទៀត គឺ​ស្ថិត​នៅ​ក្នុង​ជញ្ជាំង​ទាំងនេះJohn Berger

២១. ការ​បង្រៀន​កូនក្មេង​ឱ្យ​ក្លាយ​ជា​អ្នក​អាន​សៀវភៅ​មិន​គួរ​ឱ្យ​ខ្លាច​ទេ តែ​គួរ​ឱ្យ​រីករាយ និង រំភើប ហើយ​ការ​រៀន​ធ្វើ​ជា​អ្នក​អាន​ផ្តល់​ប្រយោជន៍​ដ៏​អស្ចារ្យ​ដល់​អ្នកRoald Dahl

២២. ទោះបី​ជា​អ្នក​គិត​ថា​អ្នក​រវល់​យ៉ាងណា​ក៏ដោយ ក៏​អ្នក​ត្រូវតែ​រក​ពេល​ដើម្បី​អាន​ដែរ បើ​មិន​ដូច្នោះ​ទេ មាន​តែ​ជ្រើសរើស​ភាព​ល្ងង់ខ្លៅ​សម្រាប់​ខ្លួនឯងAtwood H. Townsend

១៣. សៀវភៅ​ស្រលាញ់​មនុស្ស​គ្រប់គ្នា​ដែល​បើក​វាCornelia Funke

២៤. ការ​អាន​សៀវភៅ​ល្អ ប្រៀប​ដូច​ជា​ការ​បត់​ជើង​តូច អ្នក​មិន​អាច​បញ្ឈប់​វា​បាន​ទេ​បន្ទាប់​ពី​អ្នក​ចាប់​ផ្ដើម​ហើយ – Jonh Green

២៥. អាន​ដើម្បី​រៀន និង អភិវឌ្ឍ​ខ្លួន អាន​ដើម្បី​សើច និង ជំរុញ​ទឹកចិត្ត​ខ្លួនឯងGary Paulsen

២៦. សៀវភៅ​មួយ​ក្បាល គឺ​ជា​មិត្ត​ភក្តិ​ម្នាក់Gary Paulsen

២៧. រឿង​ដែល​ចម្លែក​អំពី​មនុស្ស​ដែល​មាន​សៀវភៅ​ច្រើន គឺ​ពួកគេ​នៅ​តែ​ចង់​បាន​បន្ថែម​ទៀតPatricia A. McKillip

២៨. កុំ​អាន​សៀវភៅ​តែ​មួយ​ប្រភេទ អាន​សៀវភៅ​ផ្សេង​ៗ​គ្នា​នោះ​អ្នក​អភិវឌ្ឍ​តាម​បែប​ផែន​ផ្សេង​ៗ​គ្នា​បានR.L. Stine

២៩. មនុស្ស​ដែល​អាន​ច្រើន​ពេល ហើយ​ប្រើ​ខួរក្បាល​តិច​ពេក នឹង​បង្កើត​ជា​ទម្លាប់​ខ្ជិល​គិតAbert Einstein

៣០. នៅ​ក្នុង​សៀវភៅ ខ្ញុំ​មិន​ត្រឹម​តែ​បាន​ធ្វើ​ដំណើរ​ទៅ​ពិភព​អ្នក​ដទៃ​ទេ ប៉ុន្តែ​ក៏​ចូល​ទៅ​ពិភព​ខ្លួន​ឯង​ដែរAnna Quindlen


ពាក្យ​សម្ដី​ទាំងអស់​នេះ គឺ​ខ្ញុំ​បាន​ជួប​វា​នៅ​លើ​ប្រព័ន្ធ​អ៊ីនធឺណិត និង សៀវភៅ​មួយ​ចំនួន ហើយ​គេ​សរសេរ​ជា​ភាសា​អង់គ្លេស​ទេ ។ ការ​បកប្រែ​របស់​ខ្ញុំ​ប្រហែល​ជា​មិនទាន់​បាន​ល្អ​នោះ​ទេ តែ​ខ្ញុំ​គិត​ថា​អាច​អាន​យល់ ហើយ​ក៏​ស្រួល​យល់​ដែរ ។ ខ្ញុំ​សង្ឃឹម​ថា​បន្ទាប់​ពី​អាន​ហើយ នឹង​មាន​អ្នក​ផ្លាស់​ប្តូរ​ចិត្ត​មក​ស្រលាញ់​ការ​អាន​សៀវភៅ​វិញ​ចុះ ។ ការ​អាន​សៀវភៅ ជា​ការ​រៀន​ម្យ៉ាង​ដែល​មិន​ចាំបាច់​ចំណាយ​ពេល​ច្រើន​នោះ​ទេ ។ ធ្វើ​ដូច​ខ្ញុំ​ក៏​បាន មួយ​ថ្ងៃ​អាន​បន្តិច​ៗ យូរ​ៗ​គង់​តែ​ចប់​មួយ​ក្បាល​ទេ ។ ហើយ​បើ​អាន​ចប់​មួយ​ក្បាល​ហើយ ក្បាល​ទី​ពីរ​លែង​មាន​បញ្ហា​ហើយ ។ ខ្ញុំ​អត់​បាន​សរសេរ​ពាក្យ​សម្ដី​ខ្លួនឯង​នៅ​ខាង​លើ សុំ​ដាក់​នៅ​ខាង​ក្រោម​វិញអ្នក​អាន​ល្អ ត្រូវ​ចេះ​ចែក​រំលែក សូម​ធ្វើ​ខ្លួន​ជា​អ្នក​អាន​ល្អ​គ្រប់​គ្នា  ដើម្បី​ការ​រីកច​ម្រើន​របស់​មនុស្សជាតិ