ខ្ញុំចូលចិត្តអានសៀវភៅណាស់ គឺអានជារៀងរាល់ថ្ងៃតែម្ដង ។ ក្នុងមួយថ្ងៃ បើរវល់ខ្លាំងបំផុតក៏ខ្ញុំអាចអានបានប្រហែលជា១០សន្លឹកដែរ ។ ដូច្នេះនៅពេលណាដែលខ្ញុំប្រទះភ្នែក នឹងពាក្យសម្ដី ឬទស្សនៈណាទាក់ទងនឹងការអាន ឬ អ្នកអាន ខ្ញុំក៏កត់ទុកដើម្បីរំលឹកខ្លួនឯងថា ត្រូវតែធ្វើជាអ្នកអានរហូត ។ ថ្ងៃនេះខ្ញុំលើកយកពាក្យសម្ដីមួយចំនួនដែលខ្ញុំបានកត់ទុកនោះ មកចែកដល់អ្នកទាំងអស់ ។ សូមកត់ចំណាំ បើសិនជាគិតថាឃ្លាមួយណាពេញចិត្តរបស់យើង ។
១.
អ្នកអានម្នាក់ មានជីវិតរាប់ពាន់មុននឹងស្លាប់ អ្នកដែលមិនធ្លាប់អាន មានជីវិតតែមួយប៉ុណ្ណោះ –George R. R. Martin
២.
អ្នកអានកាន់តែច្រើន អ្នកដឹងរឿងកាន់តែច្រើន អ្នករៀនកាន់តែច្រើន អ្នកទៅបានកាន់តែច្រើនកន្លែង – Dr. Seuss
៣.
សៀវភៅ ជាមិត្តដ៏ស្មោះត្រង់ បើអ្នកទុកវាចោល វានឹងរង់ចាំអ្នករហូត តែបើអ្នកចាប់កាន់វាវិញ វានៅតែស្រលាញ់អ្នកដដែល – John Green
៤.
គ្មានអ្វីគួរឱ្យរីករាយដូចជាការអានសៀវភៅនោះទេ បើខ្ញុំមានផ្ទះខ្លួនឯង ខ្ញុំមុខជាវេទនាមិនខាន បើគ្មានបណ្ណាល័យល្អមួយក្នុងផ្ទះ - Jane Austen
៥.
អ្នកមិនមានពេលសម្រាប់អាន អ្នកក៏មិនមានពេលសម្រាប់សរសេរដែរ – Stephen King
៦.
កុំអានដូចកូនក្មេង អានដើម្បីរស់នៅ – Gustave
Flaubert
៧.
អ្នកមិនចាំបាច់ដុតសៀវភៅចោលទាំងអស់ដើម្បីបំផ្លាញវប្បធម៌ទេ គ្រាន់តែធ្វើឱ្យមនុស្សលែងអានសៀវភៅគ្រប់គ្រាន់ហើយ – Ray Bradbury
៨.
មនុស្សដែលស្រលាញ់ការអាន តែងតែមិនសូវមានអារម្មណ៍ឆេវឆាវទេ – Pat Conroy
៩.
នៅមានទោសឧក្រិដ្ឋមួយទៀតដែលធ្ងន់ជាងការដុតសៀវភៅទៀត នោះគឺការមិនបានអានវា – Joseph Broadsky
១០.
គិតមុនពេលអ្នកនិយាយ អានមុនពេលអ្នកគិត – Fran
Lebowitz
១១.
ប្រសិនបើអ្នកទៅផ្ទះជាមួយអ្នកណាម្នាក់ ហើយគេមិនមានសៀវភៅទេនោះ កុំដេកជាមួយគេអី – John
Waters
១២.
ថ្ងៃនេះជាអ្នកអាន ថ្ងៃក្រោយជាអ្នកដឹកនាំ – Margaret Fuller
១៣.
ដំណេកល្អ តែសៀវភៅល្អជាង - George R.R. Martin
១៤.
ស្រលាញ់សៀវភៅជាងភាពយន្ត ភាពយន្តប្រាប់អ្នកពីអ្វីដែលត្រូវគិត ប៉ុន្តែសៀវភៅល្អអនុញ្ញាតឱ្យអ្នកជ្រើសរើសអ្វីដែលអ្នកត្រូវគិត – Karen Marie Moning
១៥.
ពិភពលោកជារបស់យើងនៅពេលកំពុងអាន – Betty Smith
១៦.
អ្វីគ្រប់យ៉ាងដែលមាននៅក្នុងលោក នឹងមាននៅក្នុងសៀវភៅ – Stephane
Mallarme
១៧.
ខ្ញុំចូលចិត្តអានសៀវភៅពេក រហូតដល់ខ្ញុំត្រូវតែសរសេរវា – Oscar Wilde
១៨.
សៀវភៅដែលល្អបំផុត គឺសៀវភៅដែលប្រាប់អ្នកពីអ្វីដែលអ្នកបានដឹងរួចហើយ – George Orwell
១៩.
សៀវភៅជួយឱ្យពួកយើងយល់ថាខ្លួនឯងជាអ្នកណា ត្រូវធ្វើអ្វី ហើយក៏បានបង្ហាញយើងថាតើសង្គម និងមិត្តភាពមានន័យយ៉ាងម៉េច វាប្រាប់យើងពីរបៀបរស់នៅ និង ស្លាប់ – Anne
Lamott
២០.
នៅពេលដែលយើងអានរឿងមួយ យើងនឹងរស់នៅក្នុងនោះ ក្របសៀវភៅប្រៀបដូចជាដំបូល និង ជញ្ជាំង
អ្វីដែលនឹងកើតឡើងបន្ទាប់ទៀត គឺស្ថិតនៅក្នុងជញ្ជាំងទាំងនេះ – John Berger
២១.
ការបង្រៀនកូនក្មេងឱ្យក្លាយជាអ្នកអានសៀវភៅមិនគួរឱ្យខ្លាចទេ តែគួរឱ្យរីករាយ និង រំភើប ហើយការរៀនធ្វើជាអ្នកអានផ្តល់ប្រយោជន៍ដ៏អស្ចារ្យដល់អ្នក – Roald Dahl
២២.
ទោះបីជាអ្នកគិតថាអ្នករវល់យ៉ាងណាក៏ដោយ ក៏អ្នកត្រូវតែរកពេលដើម្បីអានដែរ បើមិនដូច្នោះទេ មានតែជ្រើសរើសភាពល្ងង់ខ្លៅសម្រាប់ខ្លួនឯង – Atwood H. Townsend
១៣.
សៀវភៅស្រលាញ់មនុស្សគ្រប់គ្នាដែលបើកវា – Cornelia Funke
២៤.
ការអានសៀវភៅល្អ ប្រៀបដូចជាការបត់ជើងតូច អ្នកមិនអាចបញ្ឈប់វាបានទេបន្ទាប់ពីអ្នកចាប់ផ្ដើមហើយ – Jonh Green
២៥.
អានដើម្បីរៀន និង អភិវឌ្ឍខ្លួន អានដើម្បីសើច និង ជំរុញទឹកចិត្តខ្លួនឯង – Gary Paulsen
២៦.
សៀវភៅមួយក្បាល គឺជាមិត្តភក្តិម្នាក់ – Gary Paulsen
២៧.
រឿងដែលចម្លែកអំពីមនុស្សដែលមានសៀវភៅច្រើន គឺពួកគេនៅតែចង់បានបន្ថែមទៀត – Patricia A. McKillip
២៨.
កុំអានសៀវភៅតែមួយប្រភេទ អានសៀវភៅផ្សេងៗគ្នានោះអ្នកអភិវឌ្ឍតាមបែបផែនផ្សេងៗគ្នាបាន – R.L. Stine
២៩.
មនុស្សដែលអានច្រើនពេល ហើយប្រើខួរក្បាលតិចពេក នឹងបង្កើតជាទម្លាប់ខ្ជិលគិត –Abert Einstein
៣០.
នៅក្នុងសៀវភៅ ខ្ញុំមិនត្រឹមតែបានធ្វើដំណើរទៅពិភពអ្នកដទៃទេ ប៉ុន្តែក៏ចូលទៅពិភពខ្លួនឯងដែរ – Anna Quindlen
ពាក្យសម្ដីទាំងអស់នេះ គឺខ្ញុំបានជួបវានៅលើប្រព័ន្ធអ៊ីនធឺណិត និង សៀវភៅមួយចំនួន ហើយគេសរសេរជាភាសាអង់គ្លេសទេ ។
ការបកប្រែរបស់ខ្ញុំប្រហែលជាមិនទាន់បានល្អនោះទេ តែខ្ញុំគិតថាអាចអានយល់ ហើយក៏ស្រួលយល់ដែរ ។ ខ្ញុំសង្ឃឹមថាបន្ទាប់ពីអានហើយ នឹងមានអ្នកផ្លាស់ប្តូរចិត្តមកស្រលាញ់ការអានសៀវភៅវិញចុះ ។ ការអានសៀវភៅ ជាការរៀនម្យ៉ាងដែលមិនចាំបាច់ចំណាយពេលច្រើននោះទេ ។ ធ្វើដូចខ្ញុំក៏បាន មួយថ្ងៃអានបន្តិចៗ យូរៗគង់តែចប់មួយក្បាលទេ ។ ហើយបើអានចប់មួយក្បាលហើយ ក្បាលទីពីរលែងមានបញ្ហាហើយ ។
ខ្ញុំអត់បានសរសេរពាក្យសម្ដីខ្លួនឯងនៅខាងលើ សុំដាក់នៅខាងក្រោមវិញ “អ្នកអានល្អ ត្រូវចេះចែករំលែក សូមធ្វើខ្លួនជាអ្នកអានល្អគ្រប់គ្នា ដើម្បីការរីកចម្រើនរបស់មនុស្សជាតិ” ។
