ទំនាក់ទំនងរវាងសហរដ្ឋអាមេរិក និងកម្ពុជាបានកើតឡើងតាំងពីពេលកម្ពុជាមិនទាន់ទទួលបានឯករាជ្យមក
ម្ល៉េះដែលពេលនោះសហរដ្ឋអាមេរិកបានបង្កើតការិយាល័យតំណាងរបស់ខ្លួន នៅទីក្រុងភ្នំពេញ។
ប៉ុន្មានឆ្នាំក្រោយមកកម្ពុជាក៏បានទទួលឯករាជ្យពីបារាំង។ ឃើញដូច្នេះសហរដ្ឋអាមេរិកក៏បានដំឡើងការិយាល័យតំណាងរបស់ខ្លួនទៅជា
ស្ថានទូតពេញសិទ្ធិប្រចាំកម្ពុជា។
នេះជាកាយវិការមួយបង្ហាញពីការបេ្តជ្ញាចិត្តរបស់អាមេរិកដើម្បី
ត្រៀមខ្លួនធ្វើការជាមួយរាជរដ្ឋាភិបាលថ្មីរបស់កម្ពុជា។ ជំនួយរបស់អាមេរិករាប់សិបលានដុល្លារត្រូវបានផ្តល់ដល់កម្ពុជា
ដើម្បីពង្រឹងវិស័យសេដ្ឋកិច្ចក៏ដូចជាយោធារបស់កម្ពុជានាពេលនោះ។ ការផ្លាស់ប្តូរទស្សនកិច្ចជាញឹកញាប់រវាងថ្នាក់ដឹកនាំសហរដ្ឋអាមេរិក
និងកម្ពុជានាសម័យនោះក៏ជាសក្ខីភាពបញ្ជាក់ពីមិត្តភាពដ៏ល្អរវាង ប្រទេសទាំងពីរផងដែរ។
ក្រោមជំនួយរបស់អាមេរិកកម្ពុជាបានធ្វើការអភិវឌ្ឍសេដ្ឋកិច្ចរបស់
ខ្លួនយ៉ាងរហ័សហេដ្ឋារចនាសម្ព័ន្ធត្រូវបានសាងសង់ឡើងដើម្បីបម្រើ ដល់ការអភិវឌ្ឍជាតិហើយអ្វីដែលជាការកត់សម្គាល់នោះគឺជីវភាព
ប្រជាជនត្រូវបានលើកកម្ពស់ប្រទេសជាតិមានសុខសន្តិភាព។ ប៉ុន្តែការក្រេបទឹកឃ្មុំរវាងប្រទេសទាំងពីរមិនមានអាយុយឺនយូរទេ
ដោយសារតែការកើនឡើងកមៅ្តនៃសង្រ្គាមត្រជាក់ជាពិសេសកម្សួលនៃ សង្រ្គាមវៀតណាមបានជះឥទ្ធិពលយ៉ាងខ្លាំងដល់នយោបាយក៏ដូចជាសន្តិសុខ
នៅកម្ពុជា។
ក្រោមឥទ្ធិពលនៃគោលនយោបាយទប់ស្កាត់ការរីកសាយភាយនៃរបប
កុម្មុយនីស្ត (Containment
Policy) រដ្ឋាភិបាលទីក្រុងវ៉ាស៊ីនតោនបានធ្វើការស្វែងរកការគាំទ្រពីបណ្តា
ប្រទេសនៅលើសកលលោកតាមរយៈការបង្កើតទៅជាសម្ព័ន្ធមិត្តយោធាជាក់ស្តែង គឺ NATO
នៅអឺរ៉ុប។ ជាមួយគ្នានេះដែរអាមេរិកបានផ្តួចផ្តើមបង្កើតទៅជាសម្ព័ន្ធមិត្ត
យោធានៅអាស៊ីអាគ្នេយ៍ (SEATO) ដើម្បីទប់ទល់ជាមួយឥទ្ធិពលសូវៀតនៅក្នុងតំបន់។
កម្ពុជារបស់យើងក៏ត្រូវបានអាមេរិកបញ្ចុះបញ្ចូលឲ្យចូលរួមជាមួយ
អង្គការបក្សសម្ព័ន្ឋយោធានេះដែរដោយភ្ជាប់ជាមួយនឹងការសន្យា ជាច្រើនជាមួយប្រមុខរាជរដ្ឋាភិបាលកម្ពុជា។
បើទោះបីជាមានការសន្យាជាច្រើនពីសំណាក់រដ្ឋាភិបាលក្រុងវ៉ាស៊ីនតោន ក៏ដោយក៏ប្រមុខរាជរដ្ឋាភិបាលកម្ពុជានាពេលនោះមិនបានយល់ព្រមចូលជា
សមាជិក SEATO ទេ។ ការមិនចូលរួមបក្សសម្ព័ន្ធយោធារបស់អាមេរិកនៅអាស៊ីអាគ្នេយ៍បាន
ធ្វើឲ្យទំនាក់ទំនងរវាងប្រទេសទាំងពីរចាប់ផ្តើមមានភាពល្អក់កករ ប៉ុន្តែរឿងមិនបញ្ឈប់នៅត្រឹមនេះទេដោយក្រោយមកការមើលមុខគ្នាមិន
ចំ និងសង្រ្គាមពាក្យសម្តីរវាងប្រទេសទាំងពីរបានកើនឡើងជាលំដាប់។
ចុងបញ្ចប់នាខែឧសភាឆ្នាំ ១៩៦៥ កម្ពុជាបានផ្តាច់ចំណងការទូតជាមួយអាមេរិក។
ការផ្តាច់ចំណងការទូតនេះសោតបានប៉ះពាល់ដល់សេដ្ឋកិច្ចនិងគំរាម កំហែងដល់សន្តិសុខជាតិរបស់កម្ពុជាយ៉ាងខ្លាំង។
ដោយឃើញហេតុការណ៍យ៉ាងដូច្នេះកម្ពុជាបានសម្រេចភ្ជាប់ទំនាក់ទំនង
ការទូតសាជាថ្មីជាមួយអាមេរិកនាឆ្នាំ ១៩៦៩ ។ ព្រឹត្តិការណ៍ ១៨ មីនា ឆ្នាំ
១៩៧០ បានធ្វើឲ្យសភាពការណ៍នយោបាយនៅកម្ពុជាមានការផ្លាស់ប្តូរយ៉ាងខ្លាំង។ កម្ពុជាត្រូវបានផ្លាស់ប្តូរពីព្រះរាជាណាចក្រទៅជាសាធារណរដ្ឋដោយរបប
ថ្មីនេះត្រូវបានជួយទំនុកបម្រុងគ្រប់បែបយ៉ាងពីរដ្ឋាភិបាលក្រុង វ៉ាស៊ីនតោន។
មកទល់សព្វថ្ងៃនេះនៅមានមតិខ្វែងគ្នាជាច្រើនអំពីអ្នកដែលនៅពី
ក្រោយព្រឹត្តិការណ៍ ១៨ មីនា ១៩៧០។ ចាប់ពីឆ្នាំ ១៩៧០ ដល់ឆ្នាំ ១៩៧៥ គឺជារយៈពេលដែលទំនាក់ទំនងការទូតរវាងកម្ពុជា
និងអាមេរិកឡើងដល់ចំណុចខ្ពស់បំផុតមិនធ្លាប់មានពីមុនមកដោយ កញ្ចប់ជំនួយទាំងយោធា
និងសេដ្ឋកិច្ចរបស់អាមេរិកសម្រាប់កម្ពុជាបានកើនដល់ជិត ២ ពាន់លានដុល្លារអាមេរិក។
ការកើនឡើងនូវជំនួយរបស់អាមេរិកសម្រាប់កម្ពុជាគឺស្របពេលដែល កម្ពុជាបានក្លាយជាទីតាំងយុទ្ធសាស្រ្តមួយសម្រាប់ឲ្យអាមេរិកច្បាំង
សង្រ្គាមនៅវៀតណាមជាក់ស្តែងតាមរយៈការទម្លាក់គ្រាប់បែក និងការជួយគាំទ្រកងទ័ពសាធារណរដ្ឋខ្មែរប្រឆំាងនឹងវត្តមានវៀតកុងនៅ
កម្ពុជា។
គ្រាប់បែក B-52 របស់អាមេរិកត្រូវបានទម្លាក់ពាសពេញកម្ពុជាដោយបន្សល់នូវវិនាសកម្ម
យ៉ាងធ្ងន់ធ្ងរដល់ប្រជាជនកម្ពុជា។ ក្រោយពេលដែលរបបកម្ពុជាប្រជាធិបតេយ្យឡើងកាន់អំណាចរហូតមកដល់ឆ្នាំ
១៩៩០ ទំនាក់ទំនងការទូតនៃប្រទេសទាំងពីរត្រូវបានកាត់ផ្តាច់ទាំងស្រុងមិន
ត្រឹមតែប៉ុណ្ណោះសហរដ្ឋអាមេរិកថែមទាំងដាក់ទណ្ឌកម្មសេដ្ឋកិច្ចដល់ កម្ពុជាទៀតផង។
នាចុងឆ្នាំ ១៩៩១ និងដើមឆ្នាំ១៩៩២ សភាអាមេរិកបានសម្រេចដកទណ្ឌកម្មសេដ្ឋកិច្ចពីកម្ពុជា
និងភ្ជាប់ចំណងការទូតជាថ្មីម្តងទៀតនៅកម្ពុជា។ មកដល់ត្រឹមនេះរនាំងដែករវាងកម្ពុជា
និងអាមេរិកត្រូវបានវាយបំបែក។
ក្រោយពេលដែលសង្រ្គាមត្រជាក់ត្រូវបានបញ្ចប់អាមេរិកត្រូវបាន
ពិភពលោកទាំងមូលទទួលស្គាល់ជាមហាអំណាចទី ១ លើលោកប៉ុន្តែអានុភាពខ្លាំងក្លារបស់អាមេរិកបែរជាស្ថិតនៅក្រោម
ការគំរាមកំហែងពីសំណាក់មហាអំណាចថ្មីចាស់ជាច្រើនដែលក្នុងនោះរួមមាន ចិន
ឥណ្ឌា រុស្ស៊ី ជប៉ុន។ល។ ក្នុងចំណោមមហាអំណាចទាំង ៤ គឺប្រទេសចិនដែលជាមហាអំណាចថ្មីបានធ្វើឲ្យអាមេរិកមានការ
ព្រួយបារម្ភជាពន់ពេក ។ នាចុងសតវត្សរ៍ទី ២០ សេដ្ឋកិច្ចរបស់ចិនត្រូវបានគេសង្កេតឃើញថាមានការរីកចម្រើនយ៉ាង
ខ្លាំងប្រជាជនរាប់សិបលាននាក់បានងើបផុតពីភាពក្រីក្រមុខមាត់របស់ ប្រទេសចិនត្រូវបានស្តារឡើងវិញហើយពិភពលោកទាំងមូលក៏ត្រូវទទួល
ស្គាល់ចិនថាជាមហាអំណាចថ្មីមួយដែរ។
មកដល់សព្វថ្ងៃនេះចិនបានក្លាយជាមហាអំណាចសេដ្ឋកិច្ចទីពីរដោយ
មានអានុភាពទាំងផ្នែកសេដ្ឋកិច្ច និងផ្នែកយោធា។ ដើម្បីបង្កើនឥទ្ធិពលរបស់ខ្លួនចិនបានរាប់អានជាមួយប្រទេសជាច្រើន
តាមរយៈការដាក់ទុនវិនិយោគរាប់សិបពាន់លានដុល្លារ ឬការផ្តល់ជាជំនួយយោធា។ល។
អាមេរិកក្រោយពីឃើញការប្រឹងប្រែងពង្រីកឥទ្ធិពលរបស់ចិននៅលើសកលលោក ជាពិសេសនៅតំបន់អាស៊ីប៉ាស៊ីហ្វិកខ្លួនក៏ចាប់ផ្តើមផ្តោតការយក
ចិត្តទុកដាក់របស់ខ្លួនមកកាន់តំបន់នេះតាមរយៈការពង្រឹងឡើងវិញ នូវបណ្តាសម្ព័ន្ធមិត្តរបស់ខ្លួននៅអាស៊ីប៉ាស៊ីហ្វិកក៏ដូចជាស្វែងរក
ឱកាសធ្វើការជាមួយប្រទេសជាច្រើននៅក្នុងតំបន់។ ជាមួយយុទ្ឋសាស្រ្តថ្មីរបស់អាមេរិកមកកាន់អាស៊ីប៉ាស៊ីហ្វិកនាពេល
នេះក៏មានសំណួរមួយបានលេចឡើងដែរថា
«តើកម្ពុជាអាចក្លាយទៅជាដៃគូយុទ្ធសាស្រ្តរបស់អាមេរិកដែរឬទេ?»។
សំណួរនេះទៀតសោតត្រូវបានចោទសួរឡើងស្របពេលដែលឥទ្ធិពលរបស់ចិន
ត្រូវបានគេមើលឃើញថាបានកើនឡើងជាលំដាប់នៅកម្ពុជា។ នាពេលបច្ចុប្បន្ននេះឱកាសដែលកម្ពុជាអាចក្លាយទៅជាដៃគូ
យុទ្ធសាស្រ្តរបស់អាមេរិកគឺតិចតួចបំផុត។
ទីមួយ
រវាងថ្នាក់ដឹកនាំក្រុងភ្នំពេញ និងក្រុងវ៉ាស៊ីនតោននៅមិនទាន់បង្ហាញពីភាពទុកចិត្តរវាងគ្នានឹង
គ្នានៅឡើយដោយសារមានមេរៀនប្រវត្តិសាស្រ្តជាច្រើនរវាងប្រទេសទាំង ពីរ។ ប្រទេសទាំងពីរជាពិសេសកម្ពុជាហាក់បីដូចជាមិនទាន់បំភ្លេចនូវអ្វី
ដែលកើតឡើងនៅកម្ពុជាអំឡុងពេលសង្រ្គាមនៅឥណ្ឌូចិនហើយនយោបាយការបរទេស របស់អាមេរិកទៀតសោតបានធ្វើឲ្យកម្ពុជាសង្ស័យជានិច្ចអំពីគោលបំណង
របស់អាមេរិក។ ក្នុងសម័យសង្រ្គាមត្រជាក់អាមេរិកត្រៀមខ្លួនរួចជាស្រេចក្នុងការ
ផ្តួលរំលំរបបណាមួយឲ្យតែខ្លួនយល់ថាមិនព្រមដើរតាមនូវគោលនយោបាយ របស់ខ្លួន
ឬគំរាមកំហែងដល់សន្តិសុខជាតិរបស់ខ្លួនឧទាហរណ៍ប្រទេស គុយបានីការ៉ាហ្គា
ប្រទេសក្វាតេម៉ាឡា ជាដើម។
ទីពីរ ដោយសារទីតាំងភូមិសាស្រ្តកម្ពុជានាពេលនេះមិនទាន់បម្រើដល់គោល
នយោបាយរបស់អាមេរិកនៅអាស៊ីប៉ាស៊ីហ្វិកដែលជាហេតុធ្វើឲ្យទីក្រុង វ៉ាស៊ីនតោនហាក់បីដូចជាមិនបានបង្ហាញនូវការបេ្តជ្ញាចិត្តធ្វើការ
ជាមួយរដ្ឋាភិបាលក្រុងភ្នំពេញ។
ទី ៣ អ្នកនយោបាយនៅអាមេរិកក៏ដូចជាសមាជិកសភាអាមេរិកហាក់បីដូចជាយក
ចិត្តទុកដាក់ខ្ពស់លើបញ្ហាសិទ្ឋិមនុស្សនៅកម្ពុជាខ្លាំងក្លាពេក ដោយមើលរំលងនូវឱកាសពាណិជ្ជកម្មវិនិយោគទុននៅកម្ពុជាជាពិសេសរាល់
ការផ្តល់ជំនួយរបស់អាមេរិកមកកម្ពុជាជារឿយៗភ្ជាប់ជាមួយលក្ខខណ្ឌ ដែលមើលទៅហាក់បីដូចជាការដាក់គំនាបដល់រដ្ឋាភិបាលក្រុងភ្នំពេញ។
បញ្ហាសិទ្ធិមនុស្សនៅកម្ពុជាជាបញ្ហាមួយដែលរដ្ឋាភិបាលកម្ពុជាត្រូវ តែយកចិត្តទុកដាក់គោរព
និងការពារឲ្យបានមុតមាំ។ ចំពោះសមាជិកសភាអាមេរិកជាពិសេសសេតវិមានគួរវាយតម្លៃម្តងទៀតអំពី
អ្វីដែលខ្លួនបានធ្វើទាក់ទងទៅនឹងបញ្ហាសិទ្ធិមនុស្សនៅកម្ពុជាក៏ ដូចជាសកលលោក។
យើងឃើញថាក្រោយពីសភាពការណ៍តានតឹងផ្នែកយោធានៅសមុទ្រចិនខាង
ត្បូងមកអាមេរិកបានងាកក្រោយមកធ្វើការជាមួយប្រទេសដែលខ្លួនធ្លាប់ និយាយថាជាប្រទេសដែលមានស្ថានភាពគោរពសិទ្ធិមនុស្សនៅកម្រិតទាប។
ខ្ញុំកំពុងនិយាយអំពីប្រទេសវៀតណាម។
ពិតណាស់បើនិយាយអំពីប្រទេសវៀតណាមនោះគឺបញ្ហាសិទ្ធិមនុស្សនៅទី
នោះអាក្រក់ជាងកម្ពុជាទៅទៀត។ការរិះគន់រដ្ឋាភិបាលមិនត្រូវបាន ទទួលស្វាគមន៍ឡើយ។ប្រជាជនវៀតណាមពុំអាចរិះគន់រដ្ឋាភិបាលចំៗបានឡើយ
ប្រសិនបើពួកគេហ៊ានធ្វើពួកគេនឹងមានបញ្ហា។ ការធ្វើបាតុកម្មទាមទារអ្វីមួយកម្រនឹងឃើញកើតឡើងនៅវៀតណាមខ្លាំង
ណាស់។ ប៉ុន្តែទោះយ៉ាងណាក៏អាមេរិកនៅតែរីករាយធ្វើការជាមួយវៀតណាមដោយសារ តែវៀតណាមមានតម្លៃជាយុទ្ធសាស្រ្តដល់អាមេរិក។
នេះសបញ្ជាក់ឲ្យឃើញថាលទ្ធិប្រជាធិបតេយ្យ
និងការគោរពសិទ្ធិមនុស្សដែលអាមេរិកធ្លាប់ស្រែកក្តែងៗនោះគ្រាន់តែ ជាអ្វីដែលសរសេរនៅក្នុងក្រដាសតែប៉ុណ្ណោះហើយពេលខ្លះអាចត្រូវបាន
បំភ្លេចប្រសិនបើប្រទេសនោះបានផ្តល់ផលប្រយោជន៍ដល់ខ្លួន។
ផ្អែកលើហេតុផលខាងលើនេះហើយបានធ្វើឲ្យរដ្ឋាភិបាលក្រុងភ្នំពេញ
និងរដ្ឋាភិបាលក្រុងប៉េកាំងពីមួយថ្ងៃទៅមួយថ្ងៃកាន់តែជិតស្និទ្ធ ហើយជំនួយរបស់ចិនទាំងផែ្នកសេដ្ឋកិច្ច
និងយោធាកើនឡើងជាលំដាប់នេះដោយសារក្នុងក្រសែភ្នែកថ្នាក់ដឹកនាំចិន កម្ពុជាមានតម្លៃជាយុទ្ធសាស្រ្តដល់ចិន។
ទាំងចិនទាំងអាមេរិកក្នុងនាមជាមហាអំណាចតែងតែយកអំណាចយោធា ឬអំណាចសេដ្ឋកិច្ចរបស់ខ្លួនទាក់ទាញដល់បណ្តាប្រទេសដែលខ្លួនគិតថា
មានផលប្រយោជន៍ដល់ខ្លួនតែប៉ុណ្ណោះ។
ដូចនេះ រដ្ឋាភិបាលក្រុងភ្នំពេញត្រូវចេះថ្លឹងថ្លែងអំណាចរបស់ប្រទេស
មហាអំណាចនៅកម្ពុជាដើម្បីចៀសវាងករណីត្រូវបានប្រទេសទាំងនោះដាក់ គំនាបនយោបាយ។
ឆ្លៀតឱកាសដែលត្រូវបានចិនជួយទំនុកបម្រុងគ្រប់បែបយ៉ាងកម្ពុជា ត្រូវតែព្យាយាមធ្វើយ៉ាងណាប្រើប្រាស់ជំនួយទាំងអស់ឲ្យមាន
ប្រសិទ្ធភាពបំផុតដើម្បីអភិវឌ្ឍសេដ្ឋកិច្ចជាតិក៏ដូចជាធនធានមនុស្ស សម្រាប់អនាគត
៕
