ផ្ទាងផ្សាយពាណិជ្ជកម្ម

ផ្ទាងផ្សាយពាណិជ្ជកម្ម

តើខ្ញុំបានទទួលអ្វីខ្លះពីរឿងសាមកុក?

11:30:00
មនុស្ស​ជាច្រើន​ដែល​បាន​មើល​រឿង​សាមកុក ជំនាន់​ណា​ក៏ដោយ ក៏​សរសើរ​ថា​រឿង​នេះ​ល្អ​មើល​ជក់ចិត្ត​ដែរ កម្រ​មាន​អ្នក​ថា​រឿង​នឹង​អត់​ល្អ​មើល​ណាស់ ។ បើ​សិន​ជា​រាប់​ទៅ​ ខ្ញុំ​មើល​រឿង​សាមកុក​មិន​ដឹង​ជា​ប៉ុន្មាន​ចប់​ហើយ​ទេ ។ អ្វី​ដែល​ធ្វើ​ឱ្យ​ខ្ញុំ​ចូលចិត្ត​វា​នោះ មិនមែន​មក​ពី​វា​ល្អ​មើល​តែ​ម្យ៉ាង​នោះ​ទេ សំខាន់​គឺ​វា​ផ្ដល់​ប្រយោជន៍​ជាច្រើន​មក​ឱ្យ​ខ្ញុំ​វិញ ។ ក្នុង​អត្ថបទ​នេះ​ ខ្ញុំ​នឹង​លើក​យក​ប្រយោជន៍​មួយ​ចំនួន​ដែល​ខ្ញុំ​បាន​ទទួល​ពី​រឿង​មួយ​នេះ ។


ស្វែង​យល់​ពី​ប្រវត្តិសាស្ត្រ​ចិន៖ ការ​រៀន​ពី​ប្រវត្តិសាស្ត្រ ទោះបី​ជា​របស់​ជាតិសាសន៍​ណា​ក៏ដោយ​ ក៏​មិន​ខាត​ដែរ ។ នេះ​ជា​ពាក្យ​របស់​គ្រូ​ប្រវត្តិសាស្ត្រ​នៅ​សាកលវិទ្យាល័យ​របស់​ខ្ញុំ​ទេ ។ យើង​រៀន​ពី​ប្រវត្តិសាស្ត្រ គឺ​រៀន​ពី ទស្សនៈ ទង្វើ យុទ្ធសាស្ត្រ និង កំហុស​របស់​មនុស្ស​ជំនាន់​មុន ។ ប្រទេស​ចិន​ជា​ប្រទេស​ចំណាស់​ដែល​សំបូរ​ទៅ​ដោយ​ទស្សនៈ​ច្រើន​មែនទែន ហើយ​ភាគច្រើន​គឺ​ប្រើ​បានផល ។ ទោះបី​ជា​រឿង​សាមកុក​ត្រូវ​បាន​គេ​យក​មក​និពន្ធ​កែច្នៃ​បញ្ចេញបញ្ចូល​សិល្បៈ​វិធី​យ៉ាងណា​ក៏ដោយ ក៏​មិន​បាន​លុប​រឿង​ពិត​ក្នុង​ប្រវត្តិសាស្ត្រ​ចោល​ដែរ ។ ប្រវត្តិសាស្ត្រ​ បាន​បង្ហាញ​ឱ្យ​ឃើញ​ពី​ការ​ចុះ​ខ្សោយ​របស់​រាជវង្ស​ហាន​ជំនាន់​នោះ ដែល​ធ្វើ​ឱ្យ​ស្រុកទេស​មាន​ភាព​វឹកវរ រហូត​ដល់​មាន​ការ​បែកចែក​ប្រទេស​ជា​ ៣នគរ​ទៀត​ផង ។ បន្ទាប់​ពី​មើល​រឿង​នេះ​ហើយ យើង​នឹង​យល់​ថា​ប្រទេស​វឹកវរ​ដោយសារ​អ្វី ប្រទេស​សន្តិភាព​ដោយសារ​អ្វី ?




ចេះ​ប្រើ​ពាក្យ៖ ក្នុង​សាច់រឿង​ពោរពេញ​ទៅ​ដោយ​ពាក្យ​ពេចន៍​មានន័យ​ ល្អ​ៗ​ជា​ច្រើន​ដែល​យើង​អាច​យក​មក​ប្រើ​ក្នុង​ការ​រស់នៅ ឬ ក៏​ឡើង​និយាយ​ជា​សាធារណ​បាន ។ ការ​ប្រើ​ពាក្យ​សម្ដី​ដែល​ល្អ គឺ​ត្រូវ​មើល​លើ​កាលៈទេសៈ ពេលណា​គួរ​ប្រើ​ពាក្យ​បែប​ណា ។ ចំពោះ​ការ​ប្រើ​ពាក្យ​សម្ដី​នេះ ខ្ញុំ​រៀន​បាន​ច្រើន​ពី ស៊ឺម៉ា អ៊ី ដោយ​គាត់​បាន​និយាយ​សរសើរ​ចំពោះ​មុខ ឆាវ​ភី ថា “ពាក្យពេចន៍ពីរោះ​មាន​អ្វី​អស្ចារ្យ​​ចេះ​មើល​កាលៈទេសៈ​ទើប​ដល់​កម្រិត​កំពូល” ។ ការ​ប្រើ​ពាក្យពេចន៍​មិន​សំខាន់​ថា​ពីរោះ ឬ អត់ទេ​ឱ្យ​តែ​ប្រើ​ចំ​កាលៈទេសៈ​ត្រឹមត្រូវ គឺ​គ្រប់គ្រាន់​ហើយ ។


ស្វែង​យល់​ពី​មនុស្ស៖ លើ​លោក​នេះ រឿង​ដែល​ពិបាក​រៀន​ជាងគេ គឺ​មនុស្ស​ ហើយ​រឿង​ដែល​ស្រួល​រៀន​ជាងគេ ក៏​មនុស្ស​ដែរ ។ ខ្ញុំ​មិនមែន​និយាយ​លេង​នោះ​ទេ ការ​ស្វែង​យល់​ពី​មនុស្ស​ជា​រឿង​ពិបាក​ណាស់​ តែ​អាច​រៀន​បាន ឱ្យ​តែ​រៀន​ចេះ​ហើយ គឺ​ងាយស្រួល​ហើយ ។ មនុស្ស​មាន​ច្រើន​យ៉ាង​ណាស់​ ប្រភេទ​មនុស្ស​ខ្លះ​យើង​មិន​ដែល​បាន​ជួប​ផង ។ ក្នុង​រឿង​សាមកុក​មាន​តួអង្គ​ច្រើន ដូច្នេះ​ការ​រៀន​ពី​ក្នុង​រឿង​នេះ​មាន​លក្ខណៈ​ងាយស្រួល ។ ឧទាហរណ៍​ថា តួអង្គ​ឆាវ​ឆាវ​ជា​មនុស្ស​មាន​មហិច្ឆតា តើ​គាត់​មាន​សម្ដី​បែប​ណា មាន​ចរិត​ឫកពា​បែប​ណា ចូលចិត្ត ឬ ស្អប់​មនុស្ស​បែប​ណា ? យើង​យក​វិធី​នេះ​មក​ប្រៀបធៀប​ជាមួយ​មនុស្ស​ខាងក្រៅ ទោះបី​ជា​មិន​ត្រូវ​ទាំងស្រុង​ក៏​អាច​ត្រូវ​លើស​ពី​ពាក់កណ្ដាល​ដែរ ។


គិត​បែប​មាន​ប្រៀប៖ ខុង​មិញ ជា​មនុស្ស​ដែល​ពូកែ​គិត​ណាស់​ គិត​ម្ដង​មួយ​ជំហាន​ៗ​មែន​តែ​ល្អិតល្អន់​ខ្លាំង​ណាស់ ។ ពេល​ដែល​គាត់​រៀប​អន្ទាក់​ដើម្បី​សម្លាប់ ស៊ឺម៉ា​អ៊ី គាត់​គិត​គ្រប់​ចន្លោះ​ទាំង​អស់ ។ ការ​គិត​ម្ដង​មួយ​ដំណាក់​បែបនេះ ជា​ការ​គិត​បែប​មាន​ប្រៀប ។ យើង​គិត​ថា​បើ​យើង​ធ្វើ​បែប​នេះ តើ​អ្នក​ដទៃ​នឹង​គិត​បែប​ណា គិត​ម្ដង​មួយ​លក្ខខណ្ឌ​ៗ ដើម្បី​អាច​ទទួល​បាន​ផល ។ ទម្លាប់​គិត​ច្រើន តែ​មិន​រញ៉េរញ៉ៃ​នឹង​ធ្វើ​ឱ្យ​យើង​គិត​បាន​ល្អ និង រហ័ស ។ តែ​អ្នក​ដែល​គិត​រញ៉េរញ៉ៃ​មិន​ដឹង​ក្បាល​កន្ទុយ​វិញ​មិន​អាច​គិត​អ្វី​ចេញ​ទេ​នៅ​ពេល​មាន​អាសន្ន​មែនទែន ។ បើ​ពិនិត្យ​មើល​ទៅ​ក្នុង​រឿង​សាមកុក​បាន​ឱ្យ តម្លៃ​ទៅ​លើ​ការ​គិត​ជាង​កម្លាំង ។


បណ្ដុះ​ឆន្ទៈ​ជា​អ្នក​ដឹកនាំ៖ បន្ទាប់​ពី​មើល​រឿង​នេះ​ហើយ ខ្ញុំ​ចង់​ក្លាយ​ជា​អ្នក​ដឹកនាំ​ដ៏​ពូកែ​ម្នាក់​ដែរ ។ មិនមែន​ទាល់​តែ​យើង​ធ្វើ​ជា​នាយក​រដ្ឋមន្ត្រី មាន​គណបក្ស​នយោបាយ ធ្វើ​មេ​ទាហាន បាន​គេ​ហៅ​ថា​អ្នក​ដឹកនាំ​នោះ​ទេ ។ អ្នក​ដឹកនាំ​មក​ពី​ពាក្យ​ថាដឹក” បូក​ជា​មួយ​នឹង “នាំ” ។ ដឹក​បាន​ន័យ​ថា​យើង​ជួយ​អ្នក​ដទៃ​ទៅ​ឱ្យ​ដល់​គោលដៅ ចំណែក នាំ​បាន​ន័យ​ថា​យើង​ដើរ​មុន​គេ បើក​ផ្លូវ​ឱ្យ​គេ​ត្រូវ ។ ឱ្យ​តែ​យើង​មាន​គុណសម្បត្តិ​ពីរ​នេះ គឺ​អាច​ក្លាយ​ជា​អ្នក​ដឹកនាំ​បាន​ហើយ ។ ការ​ពន្យល់​នេះ​ខ្ញុំ​មើល​ទូរទស្សន៍​ ឃើញ​គេ​និយាយ​ពី​ចំណុច​នេះ ខ្ញុំ​ក៏​កត់ទុក​តែ​អត់​ដឹង​ឈ្មោះ​អ្នក​និយាយ​ផង ព្រោះ​បាន​មើល​តែ​បន្តិច ។ ការ​មាន​ឆន្ទៈ​​ជា​អ្នក​ដឹកនាំ ប្រៀប​ដូច​ជា​ផ្ដល់​ជីវិត​ថ្មី​ដល់​ខ្ញុំ​ដែរ ។ ការ​សរសេរ​អត្ថបទ​របស់​ខ្ញុំ​នេះ ក៏​អាច​ធ្វើ​ឱ្យ​ខ្ញុំ​ក្លាយ​ជា​អ្នក​ដឹកនាំ​បាន​ដែរ ប្រសិន​បើ​មាន​អ្នក​យក​អ្វី​ដែល​ខ្ញុំ​សរសេរ​ទៅ​ប្រើ​ការ​ហើយ​បាន​ផល​ពិត​ប្រាកដ ។ ខ្ញុំ​មិនមែន​ជា​អ្នក​ចេះដឹង​អី​ទេ ខ្ញុំ​នៅ​ស្ទើរ​ណាស់ តែ​ខ្ញុំ​មាន​ចិត្ត​ចែក​រំលែក ។ ដោយសារ​ខ្ញុំ​គ្មាន​ទ្រព្យសម្បត្តិ​យក​ទៅ​ចែក​រំលែក ដូច្នេះ​មាន​តែ​ចែក​គំនិត​ផ្ទាល់​ខ្លួន​ខ្ញុំ​ជំនួស​វិញ​ទៅ ។

ស្គាល់​តម្លៃ៖ ខ្ញុំ​បាន​យល់​ច្រើន​ពី​រឿង​តម្លៃ​របស់​មនុស្ស ។ កាល​ពី​នៅ​តូច​ខ្ញុំ​គិត​ថា បើ​ខ្ញុំ​មាន​គ្រួសារ​មានបាន​នឹងគេ ខ្ញុំ​ប្រហែល​ក្លាយ​ជា​មនុស្ស​មាន​តម្លៃ ។ ក្រោយ​មក​ខ្ញុំ​គិត​ថា បើ​ខ្ញុំ​ចេះ​ធម៌​ព្រះពុទ្ធ ខ្ញុំ​ប្រហែល​ជា​ក្លាយ​ជា​មនុស្ស​មាន​តម្លៃ ។ ក្រោយ​មក​ទៀត​ខ្ញុំ​គិត​ថា បើ​ខ្ញុំ​មាន​សង្សារ​ប្រហែល​ជា​ធ្វើ​ឱ្យ​ខ្ញុំ​មាន​តម្លៃ ។ តែ​ឥលូវ​នេះ ខ្ញុំ​យល់​ផ្សេង​ទៀត​ហើយ ខ្ញុំ​គិត​ថា​សមត្ថភាព ទើប​ធ្វើ​ឱ្យ​យើង​មាន​តម្លៃ ។ ហើយ​សមត្ថភាព​នេះ​អាច​នាំ​យក​របស់​ដែល​ខ្ញុំ​គិត​ថា​មាន​តម្លៃ​ពី​មុន​មក​ឱ្យ​ខ្ញុំ​បាន​ទាំងអស់ ។ យើង​ឃើញ​ស្រាប់​នៅ​ក្នុង​រឿង ស៊ឺម៉ាអ៊ី ជា​មនុស្ស​មាន​តម្លៃ ទោះបី​ជា​ស្ដេច ឆាវអួយ ភ្លេច​ខ្លាច​រឿង​ដណ្ដើម​អំណាច​របស់​គាត់​ក៏ដោយ ក៏​នៅ​តែ​ប្រើ​គាត់​ដែរ ព្រោះ​គាត់​ជា​មនុស្ស​មាន​សមត្ថភាព ដែល​អាច​ចេញ​ច្បាំង​នឹង​ជូកឺលាង​បាន ។ ច្បាំង​មិន​ឈ្នះ​ទេ តែ​ការពារ​ឈ្នះ ។ សមត្ថភាព​របស់​គាត់​គឹ អត់ធ្មត់ ដូច្នេះ​គាត់​ជា​មេទ័ព​ការពារ​ដ៏​ពូកែ​ម្នាក់ ។ កុំ​ភ្លេចថា សមត្ថភាព​អាច​ធ្វើ​ឱ្យ​មនុស្ស​មាន​តម្លៃ តែ​យើង​ក៏​ត្រូវ​តែ​ចេះ​បង្ហាញ​វា​ឱ្យ​គេ​ដឹង​ផង បើ​មិន​ចឹង​ទេ យើង​នៅ​តែ​អត់​តម្លៃ​ដដែល​នឹង ។

ខ្ញុំ​នៅ​មាន​ចំណុច​ច្រើន​ទៀត តែ​គ្រាន់​តែ​ជា​ចំណុច​តូច​ៗ ប៉ុណ្ណោះ​ដូច​ជា ត្រូវ​ចេះ​ភ្ជាប់​ទំនាក់ទំនង​នឹង​អ្នក​ដទៃ ត្រូវ​ចុះ​សួរ​ពី​មូលហេតុ ត្រូវ​រៀន​ប្រើ​មនុស្ស​ជាដើម ។ ខ្ញុំ​បាន​អាន Review របស់​មនុស្ស​ម្នាក់​ដែល​គាត់​បាន​សរសេរ​ថាគ្រប់យ៉ាង​ដែល​គាត់​ត្រូវ​ការ​ចង់​ដឹង​ពី​ជីវិត​ទាំង​អស់ សុទ្ធ​តែ​អាច​រៀន​បាន​ពី​ក្នុង​រឿង​សាមកុក” ។ គាត់​សរសេរ​នៅ​លើ វែបសាយAmazon ក្រោយ​ពេល​គាត់​បាន​អាន​សៀវភៅ​សាមកុក​ជា​ភាសា​អង់គ្លេស​ចប់​អស់​៤ក្បាល ។ ខ្ញុំ​ក៏​គិត​ដូច​គាត់​ដែរ ចុះ​អ្នក​អាន​ទាំង​អស់​គ្នា​វិញ​ បាន​រៀន​អ្វី​ខ្លះ​ពី​រឿង​នេះ?

ចែករំលែកអត្ថបទ

អត្ថបទទាក់ទង

Previous
Next Post »